តើខ្ញុំអាចស្គាល់អ្នកបន្តិចបានទេ?

ខ្ញុំឈ្មោះ ហេង សុផាណែត។ ខ្ញុំមានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការអប់រំពិសេសមកពីសាកលកវិទ្យាល័យហ្វ្លីនដឺរ (Flinders University) ប្រទេសអូស្ត្រាលី។ ខ្ញុំមានបទពិសោធន៍ ៨ឆ្នាំ ក្នុងកិច្ចការងារអប់រំកុមារដែលមានតម្រូវការពិសេស។

តើអ្វីទៅជា Special Education Cambodia (SEC)? ហេតុអ្វីបានជាអ្នកបង្កើត SEC ឡើង?

Special Education Cambodia ត្រូវបានបង្កើតឡើងដើម្បីពង្រឹងការយល់ដឹង និងចែករំលែកព័ត៌មានជាមួយអាណាព្យាបាល ក៏ដូចជាប្រជាជនកម្ពុជាអំពីកុមារដែលមានពិការភាពផ្សេងៗគ្នា។

តើ SEC ត្រូវបានបង្កើតឡើងដោយរបៀបណា?

ខ្ញុំត្រូវបានជម្រុញទឹកចិត្តអោយចាប់ផ្តើមផេកមួយនេះដោយសារតែមានការយល់ច្រលំ និងព័ត៌មានមិនត្រឹមត្រូវ ដែលមនុស្សមួយចំនួនមានចំពោះកុមារដែលមានតម្រូវការពិសេស និងលក្ខណៈពិសេសរបស់ពួកគាត់។ ជារឿយៗ មនុស្សភាគច្រើនយល់ថាកុមារដែលមានតម្រូវការពិសេស ជាពិសេសជាមួយនឹងអូទីស្សឹម (autism) អាចព្យាបាល ឬកាត់បន្ថយបានជាមួយនឹងឱសថបុរាណ ក្បួនទម្លាប់ ម្សៅទឹកដោះគោ ឬក៏គ្រាន់តែលុបបំបាត់គ្រឿងម៉ាស៊ីនអេឡិចត្រូនិចពីជីវិតរបស់ពួកគាត់។ ខ្ញុំក៏បានឃើញ និងឮការលំបាករបស់ឪពុកម្តាយដែលបានចំណាយលុយរាប់ពាន់ដុល្លារទៅលើដំណោះស្រាយមិនត្រឹមត្រូវ ពោលគឺការជឿទៅលើក្តីសង្ឃឹមក្លែងក្លាយដែលគិតថាកូនរបស់ខ្លួននឹងក្លាយជាប្រក្រតីដូចមនុស្សដ៏ទៃទៀត ជាជាងការស្វែងរកការជ្រោមជ្រែងដែលត្រឹមត្រូវ និងទទួលយកការពិតរបស់ពួកគេ។ ដោយសារតែមូលហេតុនេះ ទើបខ្ញុំគិតថាវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ក្នុងការដាក់ចេញវត្តមានរបស់ខ្ញុំជាប្រភពព័ត៌មានមួយដែលឪពុកម្តាយ និងអាណាព្យាបាលកុមារទាំងអស់អាចទទួលបានព័ត៌មានដែលមានតម្លាភាព និងច្បាស់លាស់។

តើខ្លឹមសារសំខាន់ដែល SEC ផ្តោតលើគឺជាអ្វី?

ការបង្ហាញពីតម្លាភាព និងភាពច្បាស់លាស់គឺជាគុណភាពចំបងពីរដែលពិតជាសំខាន់សម្រាប់រូបខ្ញុំ ក៏ដូចជា SEC។ ការបង្ហាញពីតម្លាភាព និងភាពច្បាស់លាស់មានន័យថា យើងត្រូវប្រាប់ឪពុកម្តាយពីការពិត ទោះបីជាវាពិបាកទទួលយកសម្រាប់ពួកយើងក៏ដូចជាសម្រាប់ពួកគេ។ ការបង្ហាញពីតម្លាភាព និងភាពច្បាស់លាស់មានន័យថា ការនិយាយប្រាប់ពួកគេអោយទទួលយកកូនរបស់គេ អោយបញ្ឈប់ការលាក់ពួនពីបញ្ហារបស់គេ និងអោយស្វែងរកការជ្រោមជ្រែងដែលសាកសមអោយបានទាន់ពេលវេលា ជាជាងការភ័យខ្លាចចំពោះលក្ខខណ្ឌកូនរបស់ពួកគេ។ វាពិតជាសំខាន់ណាស់ដែលគេត្រូវដឹងថា នៅចុងបញ្ចប់ទៅ វាមិនមែនសម្រាប់ពួកយើងនោះទេ។ គឺវាសម្រាប់ក្មេង​ៗ និងវីធីដែលយើងនឹងជ្រោមជ្រែងពួកគេក្នុងរបៀបដែលអាចអោយពួកគេប្រតិបត្តិការដោយឯករាជ្យនៅក្នុងសង្គម​។

តើអ្នកគិតថាវាសំខាន់យ៉ាងណាកក្នុងការចែករំលែកវីដេអូ និងព័ត៌មានអំពីអូទីស្សឹម? 

ខ្ញុំជឿជាក់ថាវាពិតជាសំខាន់ណាស់នៅក្នុងការចែករំលែកព័ត៌មានអំពីប្រភេទផ្សេងៗនៃពិការភាព ក្រៅពីបញ្ហាអូទីស្សឹម​។ ពោលគឺមានពិការភាពជាច្រើនទៀតដូចជា ពិការភាពសិក្សា ពិការភាពយលដឹង និងភាពមិនប្រក្រតីនៃប្រាជ្ញាជាដើម។ ព័ត៌មានទាំងនេះគឺសុទ្ធតែសាកសមក្នុងការចែករំលែក និងយល់ដឹងបន្ថែម។ វាពិតជាសំខាន់ណាស់នៅក្នុងការយល់ដឹងពីប្រភេទផ្សេងៗគ្នានៃពិការភាព ជាពិសេសសម្រាប់គ្រូបង្រៀន និងឪពុកម្តាយ ព្រោះថាតាមរយៈការយល់ដឹងពីប្រភេទនៃពិការភាពទាំងនេះ និងអ្វីដែលកុមារមាន យើងអាចនឹងយល់ដឹង និងសិក្សាបន្ថែមបានថាតើយើងអាចជ្រោមជ្រែងកុមារបែបណាអោយសាកសកមទៅនឹងតម្រូវការរបស់ពួកគាត់។ 

តើអ្នកយល់យ៉ាងណាអំពីការយល់ដឹងនៃពិការភាពអូទីស្សឹម (ASD) នៅប្រទេសកម្ពុជា?

ខ្ញុំគិតថាពួកយើងកំពុងតែធ្វើដំណើរទៅកាន់ទិសដៅត្រឹមត្រូវហើយ។ ខ្ញុំគិតថាមនុស្សជាច្រើនចាប់ផ្តើមយល់ដឹងពីបញ្ហាអូទីស្សឹម ហើយពួកគេក៏ចាប់អារម្មណ៍ខ្លាំងក្នុងការយល់ដឹងបន្ថែមពីវាផងដែរ។ ស្របពេលនេះដែរ លោក ចាន់ សារិន មកពីសហគមន៍បាតដៃនៃក្តីសង្ឃឹម (Hands of Hope Community) បានរួមចំនែកយ៉ាងច្រើនទៅក្នុង​វិស័យការ​​អប់រំពិសេស។ លោកបានធ្វើការជាមួយស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ដើម្បីបង្កើតគោលនយោបាយអប់រំសម្រាប់កុមារមានតម្រូវការពិសេស ដោយផ្តោតលើបរិបទប្រទេសកម្ពុជា ហើយបានសាយភាយចំនេះដឹងតាមរយៈមធ្យោបាយជាច្រើនសម្រាប់ប្រជាជនកម្ពុជា។  

តើអ្នកមានស្ថិតិណាដែលទាក់ទងនឹងកុមារអូទីស្សឹមក្នុងប្រទេសកម្ពុជាដែរឬទេ?

យោងតាមលោក ចាន់ សារិន ដែលជានាយកសហគមន៍បាតដៃនៃក្តីសង្ឃឹម (Hands of Hope Community) និងជាប្រធាននៃបណ្តាញអូទីស្សឹមកម្ពុជា (Cambodia Autism Network) គឺមានកុមារចំនួន ១១៥៨ នាក់មានអូទីស្សឹម​ បើយោងតាមទិន្នន័យចុងក្រោយដែលប្រមូលបាននៅថ្ងៃទី ១៩ មេសា ២០១៩។ ទិន្នន័យនេះគឺយោងទាំងស្រុងទៅលើខេត្តចំនួន ៦ ហើយវារំពឹងថានឹងកើនដល់ ២០០០០ នាក់ ប្រសិនបើយើងមិនគិតគូរ ឬមិនមានព័ត៌មានដែលជឿជាក់បានអំពីបញ្ហានេះ។

តើអ្នកអាចពណ៌នាអំពីស្ថានភាពទូទៅដែលកុមារអូទីស្សឹមមានទៅលើមនុស្សទូទៅ និងមនុស្សមួយចំនួន?

កុមារដែលមានអូទីស្សឹមគឺមានភាពខុសគ្នាពីម្នាក់ទៅម្នាក់។ ហេតុនេះហើយទើបពាក្យអូទីស្សឹមសំដៅលើ Autism Spectrum Disorder។ ទោះបីពួកគេមានលក្ខណៈពិសេសមួយចំនួនដូចគ្នា ដូចជាលក្ខខណ្ឌសង្គម អាកប្បកិរិយា និងការទំនាក់ទំនង វាពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងថាកុមារអូទីស្សឹមពីរនាក់គឺមិនមានលក្ខណ:ដូចគ្នានោះទេ។ ពួកគេម្នាក់ៗគឺស្ថិតនៅលើវិសាលភាព ដូច្នេះលក្ខខណ្ឌអាចខុសគ្នាពីម្នាក់ទៅម្នាក់។ ខ្ញុំលើកចំនុចនេះឡើងព្រោះខ្ញុំចង់សង្កត់ធ្ងន់ថា វាពិតជាសំខាន់ណាស់ដែលយើងគិតពីចំនុចនេះ។ វាសំខាន់ ព្រោះថានៅពេលយើង​ជ្រោម​ជ្រែងកុមារមានអូទីស្សឹម វាអាស្រ័យលើកុមារម្នាក់ៗ និងតម្រូវការរបស់ពួកគេរៀងៗខ្លួន។

តើពិការភាពនេះអាចព្យាបាលបានទេ? ឬ​ តើមានមធ្យោបាយណាដែលជួយអោយគេត្រលប់មកប្រក្រតីភាពវិញបាន?

មិនមានការព្យាបាល និងផ្លូវកាត់ណាចំពោះបញ្ហានេះទេ។ ខ្ញុំក៏មិនដឹងពីអនាគតកាលដែរ ប៉ុន្តែនៅពេលនេះ​ អូទីស្សឹមគឺជាផ្នែកមួយនៃពិការភាព។ ពិការភាពមានន័យថាជាលក្ខខណ្ឌមួយដែលកំណត់លទ្ធភាពបុគ្គលម្នាក់ក្នុងការ​ការធ្វើកិច្ចការនានា។ ឧទាហរណ៍ដូចជាងងឹតភ្នែក។ មានជម្រើសជាច្រើនសម្រាប់មនុស្សពិការភ្នែករៀនរស់នៅ និងបន្តទៅមុខជាមួយជីវិតរបស់គេ។ នេះក៏ដូចគ្នាសម្រាប់មនុស្សមានអូទីស្សឹម។ មានអន្តរាគមន៍មួយចំនួនដែលអាចប្រើបានសម្រាប់ជ្រោមជ្រែងពួកគេ ក្នុងន័យអោយពួកគេអាចយកទៅរៀនរស់ និងប្រតិបត្តិនៅក្នុងសង្គម​។ វារួមដូចជាសកម្មភាពរស់នៅប្រចាំថ្ងៃ ផ្នែកសង្គមនិងអាកប្បកិរិយាដែលអាចលើកតម្កើងលទ្ធភាពបុគ្គលម្នាក់ក្នុងការប្រាស្រ័យទាក់ទង និងរស់នៅក្នុងសង្គម។  

មកដល់ពេលនេះ តើអ្នកវិទ្យាសាស្ត្របានរកឃើញមូលហេតុដែលបង្កអោយមានអូទីស្សឹមនេះដែរឬទេ?

មិនមានភស្តុតាងណាអាចបញ្ជាក់ថាតើអ្វីដែលបង្កអោយមានអូទីស្សឹមនេះដោយផ្ទាល់នោះទេ។ ប៉ុន្តែ មានកត្តាចំនួនដែលអាចទាក់ទងនឹងអូទីស្សឹម។ ទាំងនោះមានដូចជាកត្តាពូជ (ហ្សេន) ដែលអាចទាក់ទងខ្លាំងទៅនឹង​អូទីស្សឹម ហើយមានកត្តាផ្សេងៗទៀតដូចជាបំលាស់ប្តូរនានានៃមុន អំឡុងពេល និងក្រោយប្រភពកំណើត។

ក្រៅពីការផ្សព្វផ្សាយអត្ថបទ និងវីដេអូដើម្បីបង្កើនការយល់ដឹង តើមានអ្វីផ្សេងទៀតដែលអ្នកនឹងផ្តល់ជូនសម្រាប់សេវាកម្មនេះ ដើម្បីជួយកុមារអូទីស្សឹម ជាពិសេសដើម្បីសម្រួលដល់ផលលំបាករបស់ឪពុកម្តាយពួកគេ?

ក្នុងពេលនេះ ខ្ញុំផ្តោតខ្លាំងលើការបង្កើនការយល់ដឹង។ ខ្ញុំបង្រៀនដោយមិនគិតថ្លៃចំពោះលោកគ្រូអ្នកគ្រូ និងឪពុកម្តាយដែលមានចិត្តចង់សិក្សាពីការអប់រំតម្រូវការពិសេស។ ខ្ញុំផ្តល់ការប្រឹក្សាអនឡាញ និងតាមរយៈទូរស័ព្ទទៅកាន់ឪពុកម្តាយ។

ឪពុកម្តាយខ្លះពឹងផ្អែងទាំងស្រុងទៅលើលោកគ្រូអ្នកគ្រូដែលបង្រៀនកូនរបស់គេ ខណៈលោកគ្រូអ្នកគ្រូនិយាយថាពួកគាត់ដែលជាឪពុកម្តាយគឺជាអ្នកដែលអាចជួយកូនពួកគេបានខ្លាំងបំផុត។ តើអ្វីដែលអ្នកចង់ណែនាំអោយលោកគ្រូអ្នកគ្រូ និងឪពុកម្តាយធ្វើដែលអាចជួយកូនរបស់គេបាន?

 

ការដែលត្រូវមានសញ្ញាបត្រផ្នែកការអប់រំពិសេសគឺចាំបាច់។ ពួកយើងមានភ្ជាប់ជាមួយមធ្យោបាយអន្តរាគមន៍ដែលច្បាស់លាស់ និងមានភស្តុតាងត្រឹមត្រូវ។ ពួកយើងពិនិត្យមើល បកប្រែ និងអនុវត្តវិធីសាស្ត្រដែលយោងលើតម្រូវការនៃកុមារទាំងនោះ។ ពួកយើងសហការយ៉ាងស្និទស្នាលជាមួយឪពុកម្តាយ ដើម្បីរក្សាសង្គតភាពទាំងនៅផ្ទះ និងនៅសាលារៀន។

តើឪពុកម្តាយឬអាណាព្យាបាលគួរមានអ្វីខ្លះជាគោល ដើម្បីជួយកុមារអូទីស្សឹមដោយមានប្រសិទ្ធភាព?

 

សម្រាប់សុខុមាលភាពរបស់កុមារ ឪពុកម្តាយត្រូវមានភាពអំណត់ ការទទួលយក និងការជឿជាក់ទៅលើដំណើរការនៃការធ្វើអន្តរាគម។ ជាពិសេស ត្រូវបញ្ជូនកុមារទៅកាន់សាលារៀនពិសេស ដើម្បីអោយមានការអន្តរាគមន៍ទាន់ពេលតាមតែអាចធ្វើបាន។ ដូចដែលលោក ចាន់ សារិន នាយកសហគមន៍បាតដៃនៃក្តីសង្ឃឹម (Hands of Hope Community) និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជា (Cambodia Autism Network) បានលើកឡើងថា ឪពុកម្តាយគួរបញ្ជូនកូនៗដែលមានអូទីស្សឹមទៅសាលាអោយបានមុនអាយុ ៤ ឆ្នាំ ឬនៅពេលដល់អាយុ ៣ ឆ្នាំជាដើម។ នេះគឺដោយសារតែវាជាពេលវេលាប្រសើរបំផុតសម្រាប់ការអន្តរាគមបានទាន់ពេលសម្រាប់កុមារមានអូទីស្សឹម។ លើសពីនេះទៀត​ ឪពុកម្តាយក៏គួរអនុវត្តន៍ដូចខាងក្រោម៖

ដាក់កូនចូលសាលារៀនតម្រូវការពិសេសនៅអំឡុងអាយុ ៣៦ ខែ។

១. ជ្រើសរើសសាលារៀនដែលមានបំពាក់ជាមួយអ្នកជំនាញការអប់រំពិសេស ដើម្បីលើកទឹកចិត្តការអប់រំផ្លូវកាយ (Physical Education) តន្រ្តី សិល្បៈ ភាសា និងទំនាក់ទំនង។

២. អនុញ្ញាតអោយកុមារចូលរួមសកម្មភាពផ្សេងៗជាមួយកុមារស្រដៀងគ្នាដើម្បីយល់ដឹងពីបរិស្ថានជុំវិញខ្លួន។

៣. ធ្វើការជិតស្និទជាមួយសាលារៀន ព្រោះថាការចូលរួមរបស់ឪពុកម្តាយគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអប់រំពិសេស។

តើអ្នកមានផលលំបាកដែរទេក្នុងការធ្វើការជាមួយកុមារអូទីស្សឹម និងឪពុកម្តាយរបស់គេ?

 

ដូចការងារទូទៅផ្សេងដែរ ការធ្វើជាគ្រូបង្រៀនការអប់រំពិសេសមួយគឺទាមទារច្រើនណាស់។ រឿងដែលពិបាកបំផុតនោះគឺការដែលត្រូវសម្របជាមួយនឹងថាមពលដែលមិនកំណត់របស់ពួកគេ។ ពេលខ្លះវាក៏មានការនឿយហត់ខ្លាំង បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។

តើអ្នកអាចនិយាយពីកុមារណាដែលបានប្រសើរឡើង បន្ទាប់ពីពួកគេទទួលបានការព្យាបាល?

 

ការរីកចម្រើនរបស់កុមារម្នាក់ គឺអាស្រ័យលើកម្រិត និងវិធីសាស្ត្រដែលបានដាក់ចេញ។ ឧទាហរណ៍ កូនសិស្សថ្មីម្នាក់របស់ខ្ញុំបានចាប់ផ្តើមចេះប្រើពាក្យសាមញ្ញៗក្នុងការប្រាស្រ័យទាក់ទងក្នុងរយៈពេលមួយឆ្នាំ ក៏ដូចជាការទាក់ទងដោយប្រើភាសា និងភាពប្រសើរឡើងនៃអាកប្បកិរិយាកាចរបស់គេដែរ។ 

តើមានអ្វីដែលខ្ញុំអាចជួយអ្នកបាន?
comment

នាងខ្ញុំឈ្មោះហេងសុផាណែត ជាជនជាតិខ្មែរ មានអាយុ ២៨ ឆ្នាំ ហើយមានបទពិសោធន៍ ៦ ឆ្នាំនៅក្នុងផ្នែកអប់រំ។

Follow Me On My Social Media.