វិកលទស្សន [Dyslexia]

អ្វីទៅដែលហៅថាវិកលទស្សន​ [Dyslexia]?

វិកលទស្សនគឺជាប្រភេទពិការភាពមួយនៃការសិក្សាមានន័យថាកុមារដែលមានបញ្ហាវិកលទស្សនមានការលំបាកយ៉ាងខ្លាំងនៅក្នុងផ្នែកសិក្សាមួយចំនួន។វិកលទស្សន​ ដែលពេលខ្លះគេស្គាល់ថាជាពិការភាពក្នុងការសិក្សាជាធម្មតាបង្កបញ្ហាទៅដល់ការអាននិងការប្រកបអក្សរបើទោះបីជាកុមារនោះត្រូវបានផ្តល់ឱកាសនិងខិតខំប្រឹងប្រែងរៀនសូត្រដូចកុមារដទៃទៀតក៏ដោយ។វិកលទស្សនមិនមែនជាបញ្ហានៃសមត្ថភាពបញ្ញានោះទេ។ បុគ្គលដែលមានបញ្ហាវិកលទស្សនគឺឆ្លាតដូចបុគ្គដទៃទៀតអញ្ចឹងគ្រាន់តែខួរក្បាលរបស់ពួកគាត់ធ្វើដំណើរការនិងទទួលយកភាសាខុសគ្នាពីបុគ្គលធម្មតា។

មូលហេតុនៃការបង្កឲ្យមានវិកលទស្សន[Dyslexia]

មិនទាន់មានរណាម្នាក់ដឹងច្បាស់ពីបញ្ហាដែលបង្កឲ្យមានបញ្ហាវិកលទស្សននោះទេ។ ប៉ុន្តែនៅក្នុងការស្រាវជ្រាវគេបានឲ្យដឹងថាវិកលទស្សនជាធម្មតាជាបញ្ហាបន្តពូជពីព្រោះស្ថានភាពនេះជារឿយៗលេចឡើងនៅពេលដែលហ្សែនរបស់ឪពុកម្តាយមានទំនាក់ទំនងនឹងគ្នា។ នៅពេលហ្សែនរបស់ឪពុកម្តាយចែកដល់កុមារវាប៉ះពាល់ដល់ផ្នែកនៃខួរក្បាលដែលទទួលខុសត្រូវចំពោះការនិយាយនិងភាសា។

លក្ខណៈពិសេសទូទៅ

រោគសញ្ញានៃបញ្ហាវិកលទស្សន​​ [Dyslexia] ជារឿយៗត្រូវបានកត់សម្គាល់ឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៅពេលកុមារចាប់ផ្តើមចូលរៀនជាពិសេសនៅពេលដែលកុមារចាប់ផ្តើមរៀនអានអក្សរ។មុនពេលកុមារចាប់ផ្តើមចូលរៀនវាអាចនិងមានការពិបាកបន្តិចនៅក្នុងការប្រាប់ថាតើពួកគេមានបញ្ហាវិកលទស្សនឬក៏អត់។ប៉ុន្តែអ្នកទាំងអស់គ្នាអាចរកមើលសញ្ញាមួយចំនួននៃបញ្ហាមួយនេះដោយការសង្កេតមើលពួកគាត់។ជាធម្មតាក្មេងៗដែលមានបញ្ហាវិកលទស្សនច្រើនតែអានខុសអក្សរដែលខ្លួនឃើញពីព្រោះពួកគេមានការលំបាកនៅក្នុងការប្រកបអក្សរដាច់ដោយឡែកពីគ្នា។ ការលំបាកផ្សេងទៀតរួមមាន៖

  • កំណត់ពីសំឡេងនៃតួអក្សរនីមួយៗ
  • និយាយតាមពាក្យឬប្រយោគវែងៗ
  • អានពាក្យឬឃ្លាវែងៗ
  • ប្រាប់ពីសំឡេងនៃតួអក្សរ

បញ្ហាប្រឈមនៃផ្នែកអប់រំ

សម្រាប់កុមារដែលបានចាប់ផ្តើមចូលរៀនហើយពួកគេអាចមានបញ្ហាវិកលទស្សនប្រសិនបើពួកគេបង្ហាញពីការលំបាកដូចខាងក្រោម៖

  • មានបញ្ហាក្នុងការបង្កើតនិងផ្គុំពាក្យជាមួយសំឡេង
  • មានបញ្ហាក្នុងការដាក់ពាក្យចូលគ្នាដើម្បីអាន
  • ទាយឬស្មានពាក្យដែលខ្លួនអាន
  • មានការលំបាកក្នុងការចងចាំពាក្យដែលធ្លាប់បានរៀនហើយ
  • មានការលំបាកក្នុងការអាននិងប្រកបពាក្យដែលកុមារដទៃទៀតអាចធ្វើបាន

[Dyslexia] ព័ត៌មានជំនួយសម្រាប់គ្រូនិងឪពុកម្តាយ

សម្រាប់លោកគ្រូអ្នកគ្រូអ្នកគួរផ្តល់ការគាំទ្រមួយទល់មួយជាមួយសិស្សរបស់អ្នក។ផ្តល់ឮពេលវេលាបន្ថែមទៅដល់សិស្សរបស់អ្នកនៅក្នុងការបំពេញកិច្ចការឬការធ្វើតេស្ត។ ប្រសិនបើអាចអ្នកអាចផ្តល់ជំនួយទៅដល់សិស្សរបស់អ្នកជាមួយកម្មវិធីកុំព្យូទ័រដែលពួកគេអាចប្រើដើម្បីពិនិត្យមើលការប្រកបអក្សររបស់ពួកគេឬជួយពួកគេនៅក្នុងការអាននិងសរសេរ។

សម្រាប់ឪពុកម្តាយគាំទ្រកូនរបស់អ្នកក្នុងការកសាងជឿលើសមត្ថភាពនិងភាពជឿជាក់លើខ្លួនឯង។ផ្តល់ឱ្យពួកគេនូវរង្វាន់និងការសរសើរនៅពេលពួកគេខិតខំក្នុងការបំពេញកិច្ចការរបស់ពួកគេ។ធ្វើការជាមួយគ្រូឱ្យបានជាប់លាប់ដើម្បីឱ្យអ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើដើម្បីផ្គត់ផ្គង់កូនរបស់អ្នកនៅផ្ទះ។អានសៀវភៅរឿងជាប្រចាំរហូតដល់ពួកគេអាចធ្វើវាដោយឯករាជ្យខ្លួនឯង។បង្រៀនកូនរបស់អ្នកឱ្យជ្រើសរើសសៀវភៅដែលស្ថិតនៅកំរិតអានរបស់គាត់។ ចុងក្រោយគាំទ្រនិងបង្រៀនកូនអ្នកឲ្យចេះបញ្ចេញសំលេងជាជាងអានចេញពីការចងចាំ។

Share